ប្រតិកម្មរបស់សម្តេច ហ៊ុន សែន ចំពោះការចាប់ខ្លួនលោក កុក អាន

 ប្រតិកម្មរបស់សម្តេច ហ៊ុន សែន ចំពោះការចាប់ខ្លួនលោក កុក អាន និងបទល្មើសអនឡាញនៅថៃ

លោក ហ៊ុន សែន ប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានចេញប្រតិកម្មយ៉ាងចាស់ដៃចំពោះការចាប់ខ្លួនលោកឧកញ៉ា កុក អាន ដោយអាជ្ញាធរថៃ ក៏ដូចជាប្រតិបត្តិការបង្ក្រាបបទល្មើសអនឡាញនៅប្រទេសថៃ។

លោក ហ៊ុន សែន បានសម្តែងការ "អបអរសាទរ" ចំពោះអាជ្ញាធរ និងប៉ូលិសថៃដែលបានបើកប្រតិបត្តិការកម្ទេចបទល្មើសអនឡាញនៅលើទឹកដីរបស់ខ្លួន។ លោកបានចាត់ទុកថា នេះជាការចូលរួមចំណែកកាត់បន្ថយបទល្មើសអនឡាញដែលហូរចូលមកកម្ពុជា ខណៈដែលបទល្មើសទាំងនោះ "ពាសពេញទឹកដីរបស់ខ្លួន" ។

លោកបានសង្កត់ធ្ងន់ថា៖ "ការបំផ្លាញសំបុកបទល្មើសអនឡាញនេះ គួរណាស់ធ្វើយូរហើយមិនមែនទុករហូតដល់ពេលនេះទើបធ្វើនោះទេ កន្លងមកវាបានបង្កជាបញ្ហាយ៉ាងច្រើនដល់កម្ពុជា នូវលំហូរនៃបទល្មើសដែលកើតចេញពីទឹកដីថៃ ជាពិសេសនៅព្រំដែនរបស់ថៃតែម្តង។" ការថ្លែងនេះបានឆ្លុះបញ្ចាំងពីការមិនពេញចិត្តរបស់លោកចំពោះការយឺតយ៉ាវរបស់ថៃក្នុងការដោះស្រាយបញ្ហាបទល្មើសឆ្លងដែនទាំងនេះ។

ចំពោះការលើកឡើងរបស់អាជ្ញាធរ សារព័ត៌មាន និងមហាជនថៃមួយចំនួនដែលថា ការបង្ក្រាប និងស៊ើបអង្កេតលើលោក កុក អាន គឺដោយសារលោកជាមនុស្សជិតស្និទ្ធជាមួយលោក ហ៊ុន សែន នោះ លោក ហ៊ុន សែន បានតបទៅវិញយ៉ាងចំៗ។ លោកបានថ្លែងថា៖ "ដូច្នេះតុលាការគួរបើកការស៊ើបអង្កេតលើលោក ថាក់ស៊ីន [ស៊ីណាវ៉ាត្រា] ដែរ ព្រោះអ្នកណាៗក៏ដឹងដែរថា ថាក់ស៊ីន គឺជាមនុស្សស្និទ្ធបំផុតជាមួយខ្ញុំ ជិតស្និទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង។"

ការថ្លែងរបស់លោក ហ៊ុន សែន នេះហាក់ដូចជាការឌឺដងទៅកាន់ភាគីថៃ និងបានចោទជាសំណួរដ៏មុតស្រួចថា៖ "ចាំមើលតើតុលាការថៃ ហ៊ានបើកការស៊ើបអង្កេតលើ ថាក់ស៊ីន ឬទេ?" សេចក្តីថ្លែងការណ៍នេះបានគូសបញ្ជាក់ពីភាពស្មុគស្មាញនៃទំនាក់ទំនងរវាងកម្ពុជា និងថៃ ដែលមិនត្រឹមតែពាក់ព័ន្ធនឹងបញ្ហាវត្ថុបុរាណ និងព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែក៏មានជាប់ពាក់ព័ន្ធនឹងឥទ្ធិពលនយោបាយ និងទំនាក់ទំនងផ្ទាល់ខ្លួនរវាងមេដឹកនាំផងដែរ។



Post a Comment

Previous Post Next Post