ជម្លោះនយោបាយនៅក្នុងប្រទេសថៃកំពុងតែកើនឡើងខ្លាំង ខណៈអនាគតនយោបាយរបស់នាយករដ្ឋមន្ត្រីជាប់ឆ្នោត លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែលត្រូវបានតុលាការធម្មនុញ្ញព្យួរតំណែងនៅតែមិនច្បាស់លាស់។ ភាពតានតឹងនេះបានកើតឡើងរវាងបក្សកាន់អំណាចចម្រុះ និងបក្សប្រឆាំងដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងនៅក្នុងសភា។
កាសែត The Nation របស់ថៃបានរាយការណ៍ថា នាយករដ្ឋមន្ត្រីស្ដីទី លោក ភូមថាំ វិច្ឆាយ៉ាឆៃ (Phumtham Wechayachai) បានសម្ដែងការសង្ស័យថា គណបក្ស ភូមិចៃថៃ (Bhumjaithai) ដែលទើបតែប្រកាសដកខ្លួនពីគណបក្សចម្រុះកាលពីថ្ងៃទី១៨ ខែមិថុនា ដោយសារតែមិនពេញចិត្តនឹងការដកហូតក្រសួងមហាផ្ទៃពីខ្លួននោះ នឹងគាំទ្រគណបក្ស ប្រជាជន (People’s Party) ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលជាគោលបំណងនយោបាយដ៏សំខាន់របស់បក្សប្រឆាំងនេះ។
លោក ភូមថាំ វិច្ឆាយ៉ាឆៃ ដែលជាបច្ចុប្បន្នជានាយករដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងនោះ បានថ្លែងកាលពីថ្ងៃចន្ទថា លោកមានការងឿងឆ្ងល់យ៉ាងខ្លាំងអំពីផែនការរបស់បក្សប្រឆាំងក្នុងការស្វែងរកការគាំទ្រពីគណបក្សភូមិចៃថៃ ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បន្ទាប់ពីពួកគេបានស្នើឲ្យមេដឹកនាំគណបក្សភូមិចៃថៃ គឺលោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) ធ្វើជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន ក្នុងបរិបទដែលអនាគតរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ កាន់តែមិនច្បាស់លាស់។
លោក វិច្ឆាយ៉ាឆៃ បានកត់សម្គាល់ថា គណបក្សភូមិចៃថៃ តែងតែរារាំងដល់ការប៉ុនប៉ងរបស់គណបក្សភឿថៃ (ដែលកំពុងកាន់អំណាច) ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ សូម្បីតែនៅពេលដែលគណបក្សភូមិចៃថៃនៅតែជាផ្នែកមួយនៃរដ្ឋាភិបាលចម្រុះក៏ដោយ។
គណបក្សភូមិចៃថៃ របស់លោក អានុទីន ចាន់វីរៈគុល មានសមាជិកសភាចំនួន ៦៩ រូប ដែលជាគណបក្សធំលំដាប់ទី២ នៅក្នុងរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្សភឿថៃ។ ការប្រកាសដកខ្លួនចេញពីគណបក្សចម្រុះនេះ បានកើតឡើងបន្ទាប់ពីគណបក្សភឿថៃបានដណ្ដើមយកក្រសួងមហាផ្ទៃពីលោក អានុទីន ចាន់វីរៈគុល។ ការចាកចេញនេះបានធ្វើឲ្យរដ្ឋាភិបាលចម្រុះបច្ចុប្បន្នដឹកនាំដោយគណបក្សភឿថៃ មានសំឡេងគាំទ្រនៅក្នុងសភាតិចតួចបំផុត ដែលជិតដល់ចំណុចដួលរលំ។
ប្រសិនបើគណបក្សណាមួយដែលមានសមាជិកសភាលើសពី ១០ នាក់នៅក្នុងរដ្ឋាភិបាលចម្រុះប្រកាសដកខ្លួនចេញទៀត រដ្ឋាភិបាលចម្រុះនឹងបាត់បង់សុពលភាព ហើយគណបក្សក្រៅរដ្ឋាភិបាលអាចចងសម្ព័ន្ធភាពដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយបាន។ ស្ថានភាពនេះបានធ្វើឲ្យគណបក្សភឿថៃស្ថិតក្នុងហានិភ័យខ្ពស់នៃការបាត់បង់ឱកាសដឹកនាំរដ្ឋាភិបាល។
បច្ចុប្បន្ន សមាជិកសភាថៃមានសរុប ៤៩៥ រូប។ មុនពេលការដកខ្លួនរបស់គណបក្សភូមិចៃថៃ រដ្ឋាភិបាលចម្រុះមានសមាជិកសភាសរុប ៣២៤ រូប។ ប៉ុន្តែបន្ទាប់ពីការដកខ្លួននេះ សមាជិកសភាដែលគាំទ្ររដ្ឋាភិបាលចម្រុះនៅសល់ត្រឹមតែ ២៥៥ រូបប៉ុណ្ណោះ ដែលលើសពីមធ្យមភាគ ២៤៨ រូប ត្រឹមតែ ៧ សំឡេងប៉ុណ្ណោះ។
