ភ្នំពេញ - ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ – ហង្សមាស គ្រុប បានប្រកាសជាផ្លូវការនូវម៉ាកកាបូបយួរដៃនារីថ្មី ១០០% ផលិតដោយកូនខ្មែរ គឺ "Franando" ក្នុងកម្មវិធីសម្ពោធដ៏ឱឡារិក «Franando First Unpacked – Unveiling Elegance» ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក អុឹង ឆៃងួន ប្រធានក្រុមប្រឹក្សាភិបាលនៃហង្សមាស គ្រុប និងលោកស្រី អុឹង សុងលាភ។
លោកស្រី អុឹង គីមលាង ជានាយិកា និងស្ថាបនិក Franando រួមជាមួយលោក លី ងៀប នាយកប្រតិបត្តិ Franando បានប្រកាសដាក់លក់ជាផ្លូវការនូវផលិតផលកាបូបដៃនារីដ៏ប្រណីតទាំងនេះ ជាមួយនឹងការបញ្ចុះតម្លៃពិសេស ៥០% រយៈពេល ៧២ ម៉ោង (ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដា)។ កម្មវិធីសម្ពោធនេះមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តារាចម្រៀង តារាសម្ដែង និងអ្នកផលិតមាតិកាល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជា។
លោកស្រី អុឹង គីមលាង បានបង្ហាញពីមោទកភាពយ៉ាងខ្លាំងចំពោះការបង្កើតម៉ាកយីហោ Franando ដែលមានគោលបំណងផ្ដល់ជូនប្រជាជនកម្ពុជានូវផលិតផលកាបូបដែលមានគុណភាពខ្ពស់តាមស្តង់ដារអន្តរជាតិ ជាមួយនឹងតម្លៃសមរម្យបំផុត ចាប់ពី ៤០ ដុល្លារ ដល់ ៨០ ដុល្លារ ប៉ុណ្ណោះ។ លោកស្រីបានសង្កត់ធ្ងន់ថា៖ «យីហោ Franando បង្កើតឡើងក្នុងគោលបំណងឱ្យប្រជាជនកម្ពុជាទទួលបានសម្ភារៈប្រើប្រាស់ប្រកបដោយទំនុកចិត្ត ស៊ីវីល័យ និងទាន់សម័យកាល (Trending) ។ យើងនឹងនាំយកទៅលើទីផ្សារអន្តរជាតិបើសិនជាមានការគាំទ្រច្រើនពីអតិថិជន។»
លោក លី ងៀប នាយកប្រតិបត្តិ Franando បានបន្ថែមថា ការផលិតកាបូប Franando ត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់បំផុត ដើម្បីធានាបាននូវគុណភាពលំដាប់អន្តរជាតិ។ លោកបានបញ្ជាក់ថា៖ «រាល់ផលិតផលទាំងអស់ដែលនឹងដាក់លក់នៅលើទីផ្សារ ត្រូវបានផលិតយ៉ាងយកចិត្តទុកដាក់បំផុត ហើយត្រូវបានត្រួតពិនិត្យជាច្រើនលើកច្រើនសារមុនដល់ការសម្រេចចុងក្រោយ។ រាល់គ្រឿងបង្គុំទាំងអស់ រួមមាន ខ្សែរូត ជាតិស្បែក ថ្នេរកាបូប និងគ្រឿងបង្គុំផ្សេងៗ សុទ្ធសឹងជាផលិតផលដែលមានស្តង់ដារ និងគុណភាពខ្ពស់។»
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកស្រី អុឹង គីមលាង ក៏បានផ្ដល់ជូនកាដូពិសេសដល់ភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមផ្ទាល់ក្នុងកម្មវិធីផងដែរ។ លើសពីនេះ អ្វីដែលកាន់តែពិសេសនោះគឺ Franando កំពុងផ្ដល់ជូនការបញ្ចុះតម្លៃ ៥០% សម្រាប់គ្រប់ផលិតផលទាំងអស់របស់ខ្លួន រយៈពេល ៧២ ម៉ោង (២ ថ្ងៃ)។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ផលិតផល Franando គឺសម្រាប់សុភាពនារីតែប៉ុណ្ណោះ ហើយនាពេលអនាគតនឹងមានសម្រាប់សុភាពបុរសបន្ថែមទៀត។
