បិទបញ្ចប់ករណីស្ត្រីប្ដឹងសមាជិកព្រឹទ្ធសភា រំលោភបំពានផ្លូវភេទ ត្រៀមប្រកាសព័ត៌មានស្អែក!

ប្រទេសថៃ​​ - អ្នកសារព័ត៌មានបានរាយការណ៍ថា កាលពីថ្ងៃទី៦ ខែកក្កដា កន្លងទៅ អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ kwan natthasinee pinyopiyavid បានបង្ហោះសារថា៖ “សូមអញ្ជើញប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចូលរួមយកព័ត៌មាន” នៅថ្ងៃអង្គារ ទី៨ ខែកក្កដា វេលាម៉ោង ១០:០០ ព្រឹក នៅអគាររដ្ឋសភា ត្រង់បរិវេណអាហារដ្ឋានរដ្ឋសភា (ផ្នែកសមាជិកសភា)។ លោកស្រី ណាត់ថាស៊ីនី ភិញ៉ូពីយ៉ាវីត (Natthasinee Pinyopiyavid) ទីប្រឹក្សាអនុគណៈកម្មាធិការព្រឹទ្ធសភា រួមជាមួយនឹងមេធាវី នឹងផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធនឹងករណីដែលលោកស្រីត្រូវបានរំលោភបំពានផ្លូវភេទដោយសមាជិកព្រឹទ្ធសភា (ស.វ.) មុននឹងដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ផ្នែកក្រមសីលធម៌។ (ចំណាំ៖ ជាបទសម្ភាសន៍រួម)

មានរបាយការណ៍ថា ជនរងគ្រោះជាស្ត្រីវ័យ ៣៩ ឆ្នាំ បានទៅដាក់ពាក្យបណ្ដឹងជាមួយលោកស្រី រ.ត.អ. ណាត់ថៈណាន់ ម៉ីនស៊ុះ (Natthanan Meensho) អនុអធិការនគរបាលប៉ុស្តិ៍ តៅពូន (Tao Pun) កាលពីថ្ងៃទី៨ ខែឧសភា កន្លងទៅ ដើម្បីចោទប្រកាន់សមាជិកព្រឹទ្ធសភាប្រុសម្នាក់ពីបទប្រព្រឹត្តអំពើអាសអាភាសលើបុគ្គលដែលមានអាយុលើសពី ១៥ ឆ្នាំ ដោយប្រើប្រាស់កម្លាំង។ ជនរងគ្រោះបានឆ្លើយថា ហេតុការណ៍នេះបានកើតឡើងនៅខុនដូមួយកន្លែងក្នុងតំបន់បាងឈឺ (Bang Sue) ទីក្រុងបាងកក។

តាមការរៀបរាប់ ជនរងគ្រោះបានស្គាល់សមាជិកព្រឹទ្ធសភាប្រុសរូបនោះកាលពីខែកញ្ញា ឆ្នាំ២០២៤ ដោយពួកគេបាននិយាយគ្នា ប៉ុន្តែមិនបានទាក់ទងគ្នាជាគូស្នេហ៍នោះទេ។

មុនពេលកើតហេតុ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ជនរងគ្រោះបានផ្ញើសារជូនពរថ្ងៃកំណើតទៅកាន់សមាជិកព្រឹទ្ធសភារូបនោះតាមរយៈកម្មវិធី Line ហើយពួកគេបានណាត់គ្នាទៅញ៉ាំអាហារនៅតំបន់បានថាត់ថង (Banthat Thong)។ បន្ទាប់ពីញ៉ាំអាហាររួច ជនរងគ្រោះបានឲ្យសមាជិកព្រឹទ្ធសភារូបនោះជូនទៅផ្ទះ។ ពេលទៅដល់មុខផ្ទះ ជនរងគ្រោះកំពុងតែបើកទ្វារដើម្បីចុះពីលើរថយន្ត ស្រាប់តែសមាជិកព្រឹទ្ធសភាបានចាប់ទាញជនរងគ្រោះចូលទៅក្នុងរថយន្តវិញ ហើយនិយាយលក្ខណៈសុំរួមភេទ។ ជនរងគ្រោះបានបដិសេធ ប៉ុន្តែសមាជិកព្រឹទ្ធសភារូបនោះបានបើករថយន្តចេញពីផ្ទះជនរងគ្រោះទៅកាន់ខុនដូរបស់ខ្លួន។

ពេលទៅដល់ ជនរងគ្រោះបានចុះពីលើរថយន្ត ហើយអង្គុយក្បែររថយន្ត ដោយបញ្ជាក់ថានឹងមិនឡើងទៅលើបន្ទប់ជាមួយសមាជិកព្រឹទ្ធសភានោះទេ។ ប៉ុន្តែសមាជិកព្រឹទ្ធសភាបានចាប់ទាញជនរងគ្រោះឡើងទៅកាន់បន្ទប់ស្នាក់នៅ ដោយជនរងគ្រោះបានព្យាយាមរើបំរាស់គ្រប់ពេលវេលា ប៉ុន្តែដោយសារមានអាការៈភ័យស្លន់ស្លោ (panic) និងគ្មានកម្លាំងទប់ទល់ ទើបត្រូវគេចាប់ទាញឡើងទៅបន្ទប់ស្នាក់នៅរបស់សមាជិកព្រឹទ្ធសភា។ ពេលទៅដល់បន្ទប់ សមាជិកព្រឹទ្ធសភាបានសុំរួមភេទម្តងទៀត ប៉ុន្តែជនរងគ្រោះមិនយល់ព្រម។ សមាជិកព្រឹទ្ធសភារូបនោះបានប្រើដៃប៉ះពាល់ខ្លួនប្រាណជនរងគ្រោះ និងបានប្រព្រឹត្តការរំលោភបំពានផ្លូវភេទ។ ជនរងគ្រោះបានអង្វរ យំសោក និងលើកដៃសំពះឲ្យសមាជិកព្រឹទ្ធសភារូបនោះបញ្ឈប់ការប្រព្រឹត្ត។ ទីបំផុត សមាជិកព្រឹទ្ធសភាបានបញ្ឈប់សកម្មភាព និងបានជូនជនរងគ្រោះត្រឡប់ទៅផ្ទះវិញ។ បន្ទាប់មក ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងចោទប្រកាន់សមាជិកព្រឹទ្ធសភារូបនោះ ដើម្បីឲ្យទទួលខុសត្រូវតាមច្បាប់។



Post a Comment

Previous Post Next Post